Wednesday, May 17, 2017

កិច្ចប្រជុំក្រុមប្រឹក្សាយោបល់អន្តរជាតិសម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍ លើកទី៤


សៀមរាប៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ "កិច្ចប្រជុំក្រុមប្រឹក្សាយោបល់អន្តរជាតិសម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍ លើកទី៤" ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧  ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧  ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត  ណាត  ប៊ុនរឿន   រដ្ឋលេខាធិការ  ក្រសួងអប់រំ យុវជន និងកីឡា​ នៅសណ្ឋាគារសុខាអង្គររីស៊ត (Sokha Angkor Resort)  ខេត្តសៀមរាប។    
ថ្លែងទៅកាន់ពិធីបើកកិច្ចប្រជុំ  ឯកឧត្តមបណ្ឌិត   រដ្ឋលេខាធិការ  បានមានប្រសាសន៍ថា៖ កិច្ចសហប្រតិបតិ្តការជាមួយប្រទេសចូលរួមនៃកម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍគួរចូលរួម ដើម្បីអនុវត្តគម្រោងយុទ្ថសាស្រ្តអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា និងចក្ខុវិស័យនៃប្រទេសកម្ពុជា ក្នុងការចូលរួមឱ្យបានកាន់តែប្រសើរឡើងក្នុងសេដ្ឋកិច្ចសកល​និងក្លាយជាប្រទេស​ដែលមានចំណូលមធ្យមត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ដូចអ្វីដែលបានរំពឹងទុក តាមគោលនយោបាយអភិវឌ្ឍឧស្សាហ៍កម្ម។ តាមការរំពឹងទុកនៃកំណើនសេដ្ឋកិច្ច និងការបង្កើតមុខរបរ

ដោយចូលរួមជាមួយប្រទេសដែលបានប្រើកម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិសម្រាប់ការអភិវឌ្ឍ បានដើរតួនាទីសំខាន់ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអប់រំ ២០១៤ - ២០១៨ របស់ក្រសួងអប់រំ និងការបង្កើត និងការអនុវត្ត នៃផែនការយុទ្ធសាស្រ្តអប់រំនាពេលអនាគត។​ កិច្ចប្រជុំនេះ កើតបន្ទាប់ពីមួយឆ្នាំក្រោយកិច្ចប្រជុំកិច្ចក្រុមប្រឹក្សាយោបល់អន្តរជាតិ ដែលបានប្រារព្ធធ្វើនៅប្រទេសប៉ារ៉ាហ្កាយ នាខែមីនា ឆ្នាំ២០១៦។ តាំងពីពេលនោះមក រហូតដល់បច្ចុប្បន្ន កម្មវិធីសាកល្បង​ នៃតេស្តរង្វាយតម្លៃសិស្សអន្តរជាតិអនុវត្តបានជោគជ័យ កិច្ចប្រជុំថ្មីនេះ បានធ្វើឱ្យយើងអាចមានលទ្ធភាពដើម្បី ពិនិត្យឡើងវិញ នូវលទ្ធផលនៃការអនុវត្តសាកល្បងនៃកម្មវិធីតាមរយៈកិច្ចប្រជុំ យើងនឹងពិនិត្យឡើងវិញនូវរបាយការណ៍ប្រចាំឆ្នាំ គម្រោងសកម្មភាព ផែនការគំរូ និងគម្រោងលម្អឹត សម្រាប់ ២០១៧- ២០១៨ ហើយយើងនិងរកឱ្យឃើញ គម្រោងនិងលទ្ធផលសកម្មភាពនៃការកសាងសមត្ថភាព នៃកម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍ និងគម្រោងនៃការវិភាគ និងផែនការរបាយការណ៍ ។
ឯកឧត្តមបណ្ឌិត   រដ្ឋលេខាធិការ  បានបញ្ជាក់ផងដែរថា៖ កិច្ចប្រជុំ ត្រូវនិងផែនការយុទ្ធសាស្រ្តអប់រំ ២០១៤- ២០១៨ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងន័យដើម្បីពង្រឹងគុណភាពអប់រំ តាមរយៈកិច្ចសហការដ៏មានប្រសិទ្ធភាពនៃលទ្ធផលរង្វាយតម្លៃ ក្នុងដំណើរការបង្រៀន និងរៀន សម្រាប់ចូលរួមអនុវត្តគម្រោងរង្វាយតម្លៃការសិក្សាថ្នាក់ជាតិ និងបានចូលរួមវិភាគទានផងដែរក្នុងការបង្កើនតួរនាទីយុទ្ធសាស្រ្តរបស់គម្រោងរង្វាយតម្លៃការសិក្សាថ្នាក់ជាតិ ក្នុងការគាំទ្ររគុណភាពអប់រំ ក្នុងពេលដែលវាបានផ្តល់នូវ វេទិការសម្រាប់អ្នកតំណាងទាំងអស់ មកពីបណ្តាប្រទេសដែលបានចូលរួម ដើម្បីបង្ហាញសកម្មភាពរបស់ពួកគេ និងដើម្បីជម្រុញ កិច្ចសហប្រតិបត្តិការស្តីពី ផលប្រយោជន៍រួមទៅវិទៅមកជាសកល ។
លោក ស្រី យូរី ប្រធានផ្នែក នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច (OECD) បានមានប្រសាសន៍ថា៖ នាងខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណ​ និងបញ្ជាក់ពីការវាយតម្លៃខ្ពស់ ចំពោះភាពជាម្ចាស់ក្នុការដឹកនាំដ៏ល្អរបស់កម្ពុជាក្នុងការចូលរួមគំនិតផ្តួចផ្ដើមនេះ។ ភាគីកម្ពុជាបានប្រាជ្ញាដើម្បីបង្កើនការសិក្សារបស់សិស្ស ដោយបញ្ជាក់ពីបញ្ហាប្រឈមនៃគុណភាព និងសមភាពនៃការអប់រំ និងជាអ្នកបង្ហាញផ្លូវ នៃការអភិវឌ្ឍ និងដឹកនាំ កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍ  ដែលគួរផ្តល់លើការវិភាគទិន្និន័យ ដើម្បីដឹកនាំពិភាក្សាគោលនយោបាយ សំអាងលើមូលដ្ឋានដែលមានអត្ថន័យ និងបរិបទនៃប្រទេសដែលចំណូលមធ្យម និងចំណូលទាប។
កិច្ចប្រជុំនេះ​ មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូ ដែលអញ្ជើញមកពីបណ្តាប្រទេសជាសមាជិកមួយចំនួនដូចជា៖  អេក្វាឌ័រ  ក្វាតេម៉ាឡា ហុងឌូរ៉ាស  ប៉ាណាម៉ា  ប៉ារ៉ាហ្កាយ  សេណេហ្គាល់  សំប៊ី  ប្រេស៊ីល ប្រទេសកូសូវ៉ូ  និងបុគ្គលិកអប់រំ  អ្នកជំនាញ  នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច (OECD) តំណាងអង្គការអន្តរជាតិ  ដៃគូអភិវឌ្ឍន៍  និងស្ថាប័នដែលពាក់ព័ន្ធ ចំនួន ៧៥ នាក់ ។  
កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់ទៅលើការពិនិត្យឡើងវិញ   និងការពិភាក្សាពីលទ្ធផលនៃការអនុវត្តកម្មវិធី រង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ​ និងពិនិត្យលើគម្រោងលម្អិតសម្រាប់ប្រមូលលទ្ធផលនៃការសិក្សាសំខាន់ៗ ក្នុងគោលបំណងផ្តល់ឱកាសឱ្យប្រទេសកំពុងអភិវឌ្ឍ បានចូលរួមក្នុងការវាយតម្លៃបំណិនរបស់សិស្សអាយុ ១៥ឆ្នាំ ក្នុងក្របខណ្ឌអន្តរជាតិ ហើយលទ្ធផលបានពីការវាយតម្លៃ នឹងត្រូវបានយកទៅប្រើប្រាស់ ដើម្បីកែលម្អគោលនយោបាយអប់រំ យុទ្ធសាស្រ្តអប់រំ កម្មវិធីសិក្សា និងការបង្រៀន និងរៀន ។
សូមបញ្ចាក់ផងដែរថា៖ កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិសម្រាប់ការអភិវឌ្ឍ ត្រូវបានបង្កើតឡើងដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច (OECD)ក្នុងឆ្នាំ២០១៣ ដើម្បីផ្តល់ឱកាសឱ្យប្រទេសកំពុងអភិវឌ្ឍ បានចូលរួមក្នុងការវាយតម្លៃបំណិនរបស់សិស្សអាយុ ១៥ឆ្នាំ ក្នុងក្របខណ្ឌអន្តរជាតិ ហើយលទ្ធផលបានពីការវាយតម្លៃ នឹងត្រូវបានយកទៅប្រើប្រាស់ ដើម្បីកែលម្អគោលនយោបាយអប់រំ យុទ្ធសាស្រ្តអប់រំ កម្មវិធីសិក្សា និងការបង្រៀន និងរៀនជាដើម។ ហើយព្រះរាជាណាចក្រកម្ពុជា​ បានចូលជាសមាជិកពេញលេញក្នុងឆ្នាំ២០១៦ បន្ទាប់ពីបានក្លាយជាសមាជិក រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរូមជាបន្តបន្ទាប់ ក្នុងកិច្ចប្រជុំរៀបចំផែនការណ៍ចម្បងៗ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាយោបល់អន្តរជាតិ និងការកសាងសមត្ថភាពតាមរយៈកិច្ចប្រជុំអ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិ ដែលរៀបចំដោយអង្គការ OECD និងចូលរួមឧបត្ថមដោយអង្គការ​ ឬទីភ្នាក់ងារអន្តរជាតិជាច្រើន ព្រមទាំងបានបំប៉នសមត្ថភាពមន្រ្តីអប់រំថ្នាក់ជាតិ ​មន្រ្តីទទួលបន្ទុកការងារអធិការកិច្ចថ្នាក់ជាតិ និងក្រោមជាតិ ចំនួន ២១១ នាក់ ស្រី ៤៩ នាក់ ដើម្បីត្រៀមខ្លួនចូលរួមអនុវត្តកម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍ PISA-D និងកិច្ចប្រជុំក្រុមប្រឹក្សាយោបល់អន្តរជាតិ IAG ត្រូវបានរៀបចំនួន ៣លើករួចមកហើយ គឺលើកទី ១ និងលើកទី​២ នៅប្រទេសបារាំង និងលើកទី៣ នៅប្រទេសប៉ារ៉ាហ្គាយ។ ដោយមើលឃើញពីការអភិវឌ្ឍប្រទេសមានសន្តិភាព និងសុវត្ថិភាព ព្រមទាំងមានភាពជាម្ចាស់ក្នុងកិច្ចដឹកនាំការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ស្មារតីនៃអង្គប្រជុំ IAG លើកទី៣ បានស្នើសុំឱ្យក្រសួងអប់រំ យុវជន និងកីឡា ធ្វើជាម្ចាស់ផ្ទះរៀបចំ "កិច្ចប្រជុំក្រុមប្រឹក្សាយោបល់អន្តរជាតិសម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍ លើកទី៤" ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧  ដល់ថ្ងៃទី១៩  ខែឧសភា  ឆ្នាំ២០១៧ និង "កិច្ចប្រជុំអ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិ សម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍ លើកទី៥"   ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥   ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាអង្គររីស៊ត (Sokha Angkor Resort)  ខេត្តសៀមរាប។    

No comments:

Post a Comment