Monday, May 22, 2017

កិច្ចប្រជុំអ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិ សម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍ លើកទី៥







សៀមរាប៖ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត  ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ​ក្រសួងអប់រំ យុវជន បានអញ្ជើញជាគណអធិបតីក្នុងពិធីបើក "កិច្ចប្រជុំអ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិ សម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍ លើកទី៥" ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥   ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាអង្គររីស៊ត (Sokha Angkor Resort)  ខេត្តសៀមរាប។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ  ឯកឧត្តមបណ្ឌិត   រដ្ឋមន្រ្តី  បានមានប្រសាសន៍​ថា៖​កិច្ចប្រជុំអ្នកគ្រប់គ្រង​គម្រោង​ថ្នាក់ជាតិសម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិសម្រាប់ការអភិវឌ្ឍ (NPM) សម្រាប់អនុវត្ត​គម្រោងនេះ គឺជាឱកាសមួយសម្រាប់ប្រទេសចូលរួមទាំង៩សិក្សាពីគ្នាទៅវិញទៅមក។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងផងដែថា៖ កន្លងមកស្ថាប័នសម្រាប់រង្វាយតម្លៃ និងកម្មវិធីសិក្សា នៃសាធារណរដ្ឋកូរ៉េ បានជួយគាំទ្រ និងនែនាំពីវិធីសាស្ត្រនានាសម្រាប់កម្មវិធីនេះ។ ជាមួយនេះដែរ ​គម្រោងបាន​អនុញ្ញាត​ឱ្យយើងធ្វើការ​សហការគ្នារវាងក្រសួងអប់រំ និងស្ថាប័នរង្វាយតម្លៃ នៃប្រទេសសមាជិក។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ គឺជាវេទិកាគន្លឹះមួយសម្រាប់អ្នកគ្រប់គ្រងគម្រោងវិភាគ និងពិនិត្យឡើងវិញនូវលទ្ធផលរបស់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍ​សាកល្បង​ដែល​បានអនុវត្ត​ក្នុងបណ្តាប្រទេសជាសមាជិកក្នុងកំឡុង ខែកញ្ញា ដល់ ខែធ្នូ ឆ្នាំ២០១៦ ដែល​កិច្ច​ប្រជុំ​ធ្វើ​ឱ្យ​យើង​មាន​​លទ្ធភាពរកឃើញនូវគម្រោងលម្អិតទាំងអស់នៃការសិក្សាសំខាន់ៗ ដើម្បីអនុវត្តនាខែកញ្ញា ដល់ ខែធ្នូ ឆ្នាំ២០១៧ ហើយដែលយើងនឹងអាចបង្កើតនូវស្ដង់ដារបច្ចេកទេសរបស់ PISA ឱ្យកាន់​តែទាក់ទង​បន្ថែម​ទៀតទៅនឹងបរិបទរបស់បណ្តាប្រទេសជាសមាជិក។ អ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិដើរតួរនាទីយ៉ាងសំខាន់​ក្នុងការសម្រួច និងបង្ហាត់បង្ហាញផ្លូវ នូវដំណើរការកម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់គម្រោង​ការអភិវឌ្ឍ​ និងដើម្បីពង្រឹងសមត្ថភាពរបស់អ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិ ក្នុងការ​អនុវត្តកម្មវិធី​រង្វាយ​តម្លៃ​សិស្ស​កម្រិត​អន្តរជាតិ និងការវាយតម្លៃដ៏ទៃៗទៀត ក្នុងឆ្នាំ២០១៥-២០១៨ ដែលពួកគាត់បាន​ចូលរួម​បណ្តុះ​បណ្តាល​ចំនួន​៨វគ្គ លើប្រធានបទផ្សេងៗគ្នា រាប់បញ្ចូលទាំងគម្រោង និងគំរូ អភិវឌ្ឍសម្ភារៈបរិក្ខា ការអនុវត្តការស្ទង់មតិ ការគ្រប់គ្រងទិន្នន័យ ការរៀបចំកូដ​នៃការឆ្លើយ​តបរបស់សិស្សានុសិស្ស ការធ្វើរបាយការណ៍ និងការវិភាគ​ទិន្នន័យ។
លោក ម៉ៃឃើល  ប្រធានគម្រោងកម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ  នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច ដែលហៅកាត់ថា OECD បានមានប្រសាសន៍ថា៖ សហគមន៍អន្តរជាតិបានរួបរួមគ្នា ដើម្បីសម្រេច​ឱ្យបាននូវវត្ថុបំណង​ដ៏ធំធេង និង​ទទួលបាននូវសមធម៌ និងគុណភាពអប់រំប្រកបដោយបរិយាបន្ន។ គោលដៅអប់រំទី៤ នៃគោល​ដៅអភិវឌ្ឍប្រកបដោយចីរភាព​ (SDGs) ផ្តល់ឱ្យយើងនូវ​ឱកាស​ដើម្បីលើកកំពស់ការងារក្នុង​ចំណោម​ប្រទេសនានា អង្គការអន្តរជាតិ និងដៃគូរពាក់ព័ន្ធដើម្បីបញ្ជាក់ពីបញ្ហាប្រឈមទាំងឡាយ និងចាត់​វិធាន​ការនានាសម្រាប់ការអភិវឌ្ឍ។
 គាត់បានបន្តទៀតថា៖ ចាប់តាំងពីឆ្នាំ ២០០០មក ជារៀងរាល់បី​ឆ្នាំ ប្រទេសមួយចំនួនក្នុងចំណោមបណ្តាប្រទេសចំនួន ៨០ និងស្ថាប័នសេដ្ឋកិច្ច សហការគ្នា តាមរយៈ​កម្មវិធី​តេស្ដ​រង្វាយ​តម្លៃសិស្សកម្រិអន្ដរជាតិ ដើម្បីប្រៀបធៀប ថាតើប្រព័ន្ធ​សិក្សា​របស់​ពួកគេ​ល្អកម្រិត​ណា ក្នុង​ការត្រៀម​រៀប​ចំ​យុវជនសម្រាប់ការងារ និងសម្រាប់ជីវិតរបស់ខ្លួន។ ​នាពេលបច្ចុប្បន្ន កម្មវិធី​រង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ គឺជាការរួម​​ចំណែកវិភាគទានដ៏សំខាន់ ក្នុងការត្រួតពិនិត្យ និងការអនុវត្ត​គោល​ដៅអប់រំ នៃគោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព  ដើម្បីសម្របសម្រួល និងលើកទឹក​ចិត្តឱ្យមាន​ការចូល​រួម​របស់​ប្រទេស​ជាសមាជិក​ឱ្យបាន​ទូលំ​ទូលាយក្នុងកម្មវិធីតេស្ដរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ និងការសិក្សា​ពីគ្នាទៅវិញទៅមក ដើម្បី​លើក​កម្ពស់ការសិក្សារបស់សិស្ស។ កម្មវិធីតេស្ដរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់អភិវឌ្ឍបាន​ខិតខំប្រឹងប្រែង និងមានការរីកចម្រើនក្នុងការពង្រឹងនៃការស្ទាបស្ទង់កម្មវិធីតេស្ដរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូដែលអញ្ជើញមកពីបណ្តាប្រទេសជាសមាជិក មួយចំនួនដូចជា៖ ប៊ូតាន អេក្វាឌ័រ ក្វាតេម៉ាឡា ហុងឌូរ៉ាស ប៉ាណាម៉ា  ប៉ារ៉ាហ្កាយ សេណេហ្គាល់  សំប៊ី  ប្រេស៊ីល កូសូវ៉ូ និងបុគ្គលិកអប់រំ អ្នកជំនាញនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច (OECD) តំណាងអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នដែលពាក់ព័ន្ធ ចំនួន ៨៥ នាក់។
កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់ទៅលើការពិនិត្យឡើងវិញ និងការពិភាក្សា​ពីលទ្ធផល​នៃការអនុវត្ត​កម្មវិធី រង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ​ និងពិនិត្យ​លើគម្រោង​លម្អិត​សម្រាប់​ប្រមូល​លទ្ធផល​នៃការ​សិក្សា​សំខាន់ៗ ក្នុងគោលបំណងផ្តល់ឱកាសឱ្យប្រទេសកំពុងអភិវឌ្ឍ បានចូលរួម​ក្នុងការវាយ​តម្លៃ​បំណិន​របស់​សិស្ស​អាយុ១៥ឆ្នាំ ក្នុងក្របខណ្ឌអន្តរជាតិ ហើយលទ្ធផលបានពីការវាយតម្លៃ នឹងត្រូវបានយកទៅប្រើប្រាស់ ដើម្បីកែលម្អគោលនយោបាយអប់រំ យុទ្ធសាស្រ្តអប់រំ កម្មវិធីសិក្សា និងការបង្រៀន និងរៀន ។
សូមបញ្ចាក់ផងដែរថា ៖កិច្ចប្រជុំអ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិ NPM ត្រូវបានរៀបចំឡើងចំនួន៤​លើករួចហើយ គឺលើកទី១ នៅប្រទេស អេក្វាឌ័រ  លើកទី២ នៅសហរដ្ឋអាមេរិក និងលើកទី៣​នៅប្រទេស​ប៉ារ៉ាហ្កាយ និងលើកទី៤ នៅប្រទេសសំប៊ី។ ​ដោយមើលឃើញពីការអភិវឌ្ឍប្រទេសមានសន្តិភាព និងសុវត្ថិភាព ព្រមទាំងមានភាពម្ចាស់ក្នុងកិច្ចដឹកនាំការងាររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្មារតីនៃអង្គប្រជុំ AIG លើកទី៣ បានស្នើសុំឱ្យក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ "កិច្ចប្រជុំអ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិ សម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍ លើកទី៥"   ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥   ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារ​សុខាអង្គររីស៊ត (Sokha Angkor Resort)  ខេត្តសៀមរាប។

No comments:

Post a Comment