សៀមរាប៖ នាព្រឹកថ្ងៃទី២២
ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ហង់ជួន
ណារ៉ុន រដ្ឋមន្រ្តី
ក្រសួងអប់រំ យុវជន បានអញ្ជើញជាគណអធិបតីក្នុងពិធីបើក "កិច្ចប្រជុំអ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិ
សម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍ លើកទី៥" ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី២២
ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧
នៅសណ្ឋាគារសុខាអង្គររីស៊ត (Sokha Angkor Resort) ខេត្តសៀមរាប។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី
បានមានប្រសាសន៍ថា៖កិច្ចប្រជុំអ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិសម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិសម្រាប់ការអភិវឌ្ឍ
(NPM) សម្រាប់អនុវត្តគម្រោងនេះ គឺជាឱកាសមួយសម្រាប់ប្រទេសចូលរួមទាំង៩សិក្សាពីគ្នាទៅវិញទៅមក។
ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងផងដែថា៖ កន្លងមកស្ថាប័នសម្រាប់រង្វាយតម្លៃ និងកម្មវិធីសិក្សា
នៃសាធារណរដ្ឋកូរ៉េ បានជួយគាំទ្រ និងនែនាំពីវិធីសាស្ត្រនានាសម្រាប់កម្មវិធីនេះ។ ជាមួយនេះដែរ
គម្រោងបានអនុញ្ញាតឱ្យយើងធ្វើការសហការគ្នារវាងក្រសួងអប់រំ និងស្ថាប័នរង្វាយតម្លៃ
នៃប្រទេសសមាជិក។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ
គឺជាវេទិកាគន្លឹះមួយសម្រាប់អ្នកគ្រប់គ្រងគម្រោងវិភាគ
និងពិនិត្យឡើងវិញនូវលទ្ធផលរបស់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ
សម្រាប់ការអភិវឌ្ឍសាកល្បងដែលបានអនុវត្តក្នុងបណ្តាប្រទេសជាសមាជិកក្នុងកំឡុង ខែកញ្ញា
ដល់ ខែធ្នូ ឆ្នាំ២០១៦ ដែលកិច្ចប្រជុំធ្វើឱ្យយើងមានលទ្ធភាពរកឃើញនូវគម្រោងលម្អិតទាំងអស់នៃការសិក្សាសំខាន់ៗ
ដើម្បីអនុវត្តនាខែកញ្ញា ដល់ ខែធ្នូ ឆ្នាំ២០១៧ ហើយដែលយើងនឹងអាចបង្កើតនូវស្ដង់ដារបច្ចេកទេសរបស់ PISA
ឱ្យកាន់តែទាក់ទងបន្ថែមទៀតទៅនឹងបរិបទរបស់បណ្តាប្រទេសជាសមាជិក។ អ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិដើរតួរនាទីយ៉ាងសំខាន់ក្នុងការសម្រួច
និងបង្ហាត់បង្ហាញផ្លូវ នូវដំណើរការកម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ
សម្រាប់គម្រោងការអភិវឌ្ឍ និងដើម្បីពង្រឹងសមត្ថភាពរបស់អ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិ
ក្នុងការអនុវត្តកម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ និងការវាយតម្លៃដ៏ទៃៗទៀត
ក្នុងឆ្នាំ២០១៥-២០១៨ ដែលពួកគាត់បានចូលរួមបណ្តុះបណ្តាលចំនួន៨វគ្គ លើប្រធានបទផ្សេងៗគ្នា
រាប់បញ្ចូលទាំងគម្រោង និងគំរូ អភិវឌ្ឍសម្ភារៈបរិក្ខា ការអនុវត្តការស្ទង់មតិ
ការគ្រប់គ្រងទិន្នន័យ ការរៀបចំកូដនៃការឆ្លើយតបរបស់សិស្សានុសិស្ស
ការធ្វើរបាយការណ៍ និងការវិភាគទិន្នន័យ។
លោក ម៉ៃឃើល
ប្រធានគម្រោងកម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ
នៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ
និងអភិវឌ្ឍសេដ្ឋកិច្ច ដែលហៅកាត់ថា OECD បានមានប្រសាសន៍ថា៖ សហគមន៍អន្តរជាតិបានរួបរួមគ្នា
ដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងដ៏ធំធេង និងទទួលបាននូវសមធម៌ និងគុណភាពអប់រំប្រកបដោយបរិយាបន្ន។
គោលដៅអប់រំទី៤ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ផ្តល់ឱ្យយើងនូវឱកាសដើម្បីលើកកំពស់ការងារក្នុងចំណោមប្រទេសនានា
អង្គការអន្តរជាតិ និងដៃគូរពាក់ព័ន្ធដើម្បីបញ្ជាក់ពីបញ្ហាប្រឈមទាំងឡាយ និងចាត់វិធានការនានាសម្រាប់ការអភិវឌ្ឍ។
គាត់បានបន្តទៀតថា៖ ចាប់តាំងពីឆ្នាំ
២០០០មក ជារៀងរាល់បីឆ្នាំ ប្រទេសមួយចំនួនក្នុងចំណោមបណ្តាប្រទេសចំនួន ៨០ និងស្ថាប័នសេដ្ឋកិច្ច
សហការគ្នា តាមរយៈកម្មវិធីតេស្ដរង្វាយតម្លៃសិស្សកម្រិអន្ដរជាតិ ដើម្បីប្រៀបធៀប
ថាតើប្រព័ន្ធសិក្សារបស់ពួកគេល្អកម្រិតណា ក្នុងការត្រៀមរៀបចំយុវជនសម្រាប់ការងារ
និងសម្រាប់ជីវិតរបស់ខ្លួន។ នាពេលបច្ចុប្បន្ន កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ
គឺជាការរួមចំណែកវិភាគទានដ៏សំខាន់ ក្នុងការត្រួតពិនិត្យ និងការអនុវត្តគោលដៅអប់រំ
នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីសម្របសម្រួល
និងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ប្រទេសជាសមាជិកឱ្យបានទូលំទូលាយក្នុងកម្មវិធីតេស្ដរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ
និងការសិក្សាពីគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ការសិក្សារបស់សិស្ស។ កម្មវិធីតេស្ដរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ
សម្រាប់អភិវឌ្ឍបានខិតខំប្រឹងប្រែង និងមានការរីកចម្រើនក្នុងការពង្រឹងនៃការស្ទាបស្ទង់កម្មវិធីតេស្ដរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូដែលអញ្ជើញមកពីបណ្តាប្រទេសជាសមាជិក
មួយចំនួនដូចជា៖ ប៊ូតាន អេក្វាឌ័រ ក្វាតេម៉ាឡា ហុងឌូរ៉ាស ប៉ាណាម៉ា ប៉ារ៉ាហ្កាយ សេណេហ្គាល់ សំប៊ី
ប្រេស៊ីល កូសូវ៉ូ និងបុគ្គលិកអប់រំ អ្នកជំនាញនៃអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ
និងអភិវឌ្ឍសេដ្ឋកិច្ច (OECD) តំណាងអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នដែលពាក់ព័ន្ធ ចំនួន ៨៥
នាក់។
កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់ទៅលើការពិនិត្យឡើងវិញ
និងការពិភាក្សាពីលទ្ធផលនៃការអនុវត្តកម្មវិធី រង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ
និងពិនិត្យលើគម្រោងលម្អិតសម្រាប់ប្រមូលលទ្ធផលនៃការសិក្សាសំខាន់ៗ ក្នុងគោលបំណងផ្តល់ឱកាសឱ្យប្រទេសកំពុងអភិវឌ្ឍ
បានចូលរួមក្នុងការវាយតម្លៃបំណិនរបស់សិស្សអាយុ១៥ឆ្នាំ ក្នុងក្របខណ្ឌអន្តរជាតិ
ហើយលទ្ធផលបានពីការវាយតម្លៃ នឹងត្រូវបានយកទៅប្រើប្រាស់ ដើម្បីកែលម្អគោលនយោបាយអប់រំ
យុទ្ធសាស្រ្តអប់រំ កម្មវិធីសិក្សា និងការបង្រៀន និងរៀន ។
សូមបញ្ចាក់ផងដែរថា
៖កិច្ចប្រជុំអ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិ NPM ត្រូវបានរៀបចំឡើងចំនួន៤លើករួចហើយ
គឺលើកទី១ នៅប្រទេស អេក្វាឌ័រ លើកទី២
នៅសហរដ្ឋអាមេរិក និងលើកទី៣នៅប្រទេសប៉ារ៉ាហ្កាយ និងលើកទី៤ នៅប្រទេសសំប៊ី។ ដោយមើលឃើញពីការអភិវឌ្ឍប្រទេសមានសន្តិភាព
និងសុវត្ថិភាព ព្រមទាំងមានភាពម្ចាស់ក្នុងកិច្ចដឹកនាំការងាររបស់រាជរដ្ឋាភិបាលកម្ពុជា
តាមរយៈស្មារតីនៃអង្គប្រជុំ AIG លើកទី៣
បានស្នើសុំឱ្យក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា
ធ្វើជាម្ចាស់ផ្ទះរៀបចំ "កិច្ចប្រជុំអ្នកគ្រប់គ្រងគម្រោងថ្នាក់ជាតិ
សម្រាប់កម្មវិធីរង្វាយតម្លៃសិស្សកម្រិតអន្តរជាតិ សម្រាប់ការអភិវឌ្ឍ លើកទី៥" ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២
ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាអង្គររីស៊ត
(Sokha Angkor Resort)
ខេត្តសៀមរាប។