ខ្លឹមសារសី្តពីការរៀបចំកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំគោលនយោបាយទេសចរណ៍
និងកសាងឯកសារបឋមនៃក្រុងកំពតដែលត្រៀមចុះក្នុងបញ្ជីបេតិកភណ្ឌ
ថ្ងៃពុធ
២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្តកំពតមានបើកកិច្ចប្រជុំស្តីពី "ការត្រៀមរៀបចំគោលនយោបាយទេសចរណ៍ និងការកសាងឯកសារបឋមនៃទីក្រុងកំពតដើម្បីចុះក្នុងបញ្ជីទីក្រុងបេតិកភណ្ឌ” ដែលរៀបចំដោយនាយកដ្ឋានសិក្សាស្រាវជ្រាវ
និងគោលនយោបាយទេសចរណ៍នៃក្រសួងទេសចរណ៍ក្រោមអធិបតីភាព ឯកឧត្តម កើត ពុទ្ធវរី នាយកវិទ្យាស្ថានជាតិទេសចរណ៍។
ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមរបស់ លោកអគ្គនាយករង លោក-លោកស្រី ប្រធាននាយកដ្ឋានព្រមទាំងមន្រ្តីជំនាញ
មកពីគ្រប់ស្ថាប័ពាក់ព័ន្ធចំនួនប្រមាណ ៣៥០ នាក់។ ដោយទីក្រុងកំពត គឺជាទីក្រុងដែលអង្គការ
UNESCO
ប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយក្រសួងវប្បធម៌ កំពុងសិក្សា និងមានបំណងដាក់ចូលក្នុងបញ្ជីទីក្រុងបេតិកភណ្ឌពិភពលោក
ដែលជាសញ្ញាថ្មីមួយទៀតសម្រាប់គោលនយោបាយអភិវឌ្ឍន៍ វិស័យទេសចរណ៍ឲ្យមានភាពទាក់ទាញ និងបញ្រ្ជាបការយល់ដឹងអំពីការដាក់ទីក្រុងក្នុងបញ្ជីបេតិកភណ្ឌ
ជាអត្ថប្រយោជន៍ និងស្ទង់មតិអំពីការត្រៀមលក្ខណៈដើម្បីចុះទីក្រុងកំពតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ឯកឧត្តម នាយកវិទ្យាស្ថានជាតិទេសចរណ៍ បានមានប្រសាសន៍ ថាអនុលោមតាមផែនការ
និងអនុសាសន៍របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍
"ជាចក្ខុវិស័យ
នៅឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ ៧លាននាក់ បង្កើតការងារផ្ទាល់ប្រមាណ
១លាននាក់ហើយនៅឆ្នាំ២០២៥ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរ ១០លាននាក់
បង្កើតការងារផ្ទាល់ប្រមាណ ១.២លាននាក់ ហើយនៅឆ្នាំ២០៣០ អាចនឹងទទួលបាន ១៥លាននាក់
បង្កើតការងារផ្ទាល់ប្រមាណ ២លាននាក់ " ។ ហើយនៅឆ្នាំ២០១៧
កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥.៦លាននាក់ កើនឡើង ១១.៨% និងទទួលបានចំណូលជាង
៣,៦០០លានដុល្លារ បានរួមចំណែកប្រមាណ ១២%
នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ឱកាសការងារដោយផ្ទាល់ជាង៦៥ម៉ឺននាក់
និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។ រយៈពេល ៧ខែ ក្នុងឆ្នាំ២០១៨នេះ
កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣.៥លាននាក់ កើនឡើង
១១.១%ហើយជាការរំពឹងទុកពេញមួយឆ្នាំ២០១៨ កម្ពុជានឹងទទួលបានទេសចរ ៦.២លាននាក់។ ដោយឡែក
តំបន់ឆ្នេរនៅឆ្នាំ២០១៧ ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦០០ពាន់នាក់ កើនឡើង
៣៤.៥%។ តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលភ្ញៀវទេសចរ អន្តរជាតិ
៧លាននាក់ជាមួយនឹងចំណូលប្រមាណជាង ៥ពាន់ លាន ដុល្លារ និងបង្កើតការងារដោយផ្ទាល់ប្រមាណ
១ លាននាក់ និងការងារដោយប្រយោលរាប់លាននាក់បន្ថែមទៀត។
No comments:
Post a Comment