VIDEO VIDEO
ដកស្រង់ទាំងស្រុងពី វិគីភីឌា
លោក
ស៊ីន-ស៊ីសាមុត (ឬ ស៊ិន ស៊ីសាមុត) (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទ
ចម្រៀង និងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញ នាអំឡុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០ ។ លោកមានរហស្សនាមថា ជា
អធិរាជសំឡេងមាស ។ លោក ស៊ីន-ស៊ីសាមុត ទទួល
មរណភាព ក្នុង
របបប្រល័យពូជសាសន៍ខ្មែរក្រហម
នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ១៩៧៦ ។ ភាពល្បីល្បាញរបស់លោក
ស៊ីន-ស៊ីសាមុត បានពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះ រណ្ដំចិត្ត
គួបផ្សំនិងបទចម្រៀង
មនោសញ្ចេតនា គ្រប់
រសជាតិ
លន្លង់លន្លោច សប្បាយ កម្សត់ខ្លោចផ្សា ។ល។
ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក
និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក ។ លោក សុីន សាមុត
គឺជាវីរបុរសស្នេហាជាតិ ។
ជីវប្រវត្តិ
ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ
ប្រជាប្រិយភាព របស់លោក ស៊ីន-ស៊ីសាមុត មិនបានធ្វើឱ្យចុះទន់ខ្សោយ
កិត្តិនាម របស់អ្នកចម្រៀងដទៃទៀត ដូចជា លោក
អ៊ឹម-សុងសឺម និង អ្នកស្រី
ហួយ-មាស ដែលច្រៀងឱ្យវិទ្យុជាតិនាសម័យនោះទេ ។ លោក មាស-ហុកសេង អ្នកសិល្បៈចម្រៀងនៅ
មហាវិទ្យាល័យវិចិត្រសិល្បៈ ភ្នំពេញ (
សាលារចនា )
មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦ ។
កិត្តិសព្ទរបស់តារាចម្រៀងល្បី ៗ ទាំងនេះ
បានដោយសារទឹកដៃនិពន្ឋរបស់កវី
ម៉ា-ឡៅពី ដែលបាននិពន្ធបទល្បី ៗដូចជាបទ
ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជាដើម ។ លោក
ម៉ា-ឡៅពី បានលាចាកលោកនៅ
រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។ លោក
អ៊ឹម-សុងសឺម ច្រើនតែច្រៀងនិងមិនសូវនិពន្ធបទភ្លេងទេ ។ បទចម្រៀងល្បីរបស់លោក គឺ បទ
កោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយនូវការបាត់បង់
កោះត្រល់ ទៅ
វៀតណាម ។ លោក
អ៊ឹម-សុងសឺម និងអ្នកស្រី
ហួយ-មាស តែងតែទៅតាមសម្តេច
ព្រះបាទនរោត្តម-សីហនុ ពេលទ្រង់ចុះទៅទស្សនកិច្ចតាមខេត្ត ដើម្បីច្រៀងបទចម្រៀងប្រជាប្រិយ មានរាំវង់ជាដើម សម្រាប់កំដរបងប្អូន
ប្រជាពលរដ្ឋ ដែលទៅទទួលស្វាគមន៍ព្រះ
ប្រមុខរដ្ឋ ។ លោក
សុះ-ម៉ាត់ ក៏ជាអ្នកចម្រៀងល្បីនាសម័យនោះដែរ តាមរយៈបទ
អាកាសយាន ។ អ្នកគាំទ្រលោក
សុះម៉ាត់ ភាគច្រើនជាអ្នកដែលមិននិយមបទថ្មី ៗ របស់លោក ស៊ីន-ស៊ីសាមុត ដែលចេញក្រោយទេ ។
កុមារភាព
លោក ស៊ីន-ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ ២៣ សីហា ១៩៣២ នៅ
ខេត្តស្ទឹងត្រែង ។ លោកជាកូនប្រុសពៅនៃបណ្ដាបងប្អូន ៤ នាក់ (ប្រុស ២ ស្រី ២) របស់លោក
ស៊ីន-លាង និងអ្នកស្រី
ស៊ីន-ប៊ុនលឿ ដែលជាកូនកាត់
ឡាវ -
ចិន ។ លោកឪពុករបស់លោក ជា
ឆ្មាំយាម
ពន្ឋនាគារ នៅ
ខេត្តបាត់ដំបង និងជា
ទាហានបដិវដ្តន៍ ប្រឆាំង
អាណានិគមបារាំង ។ លោកឪពុករបស់លោក បានលាចាកលោក ដោយជំងឺ ហើយម្តាយរបស់លោក ក៏រៀបការម្តងទៀត ដែល
អាពាហ៍ពិពាហ៍ ក្រោយនេះបន្សល់ទុកនូវកូន ២ នាក់ទៀត ។
លោក ស៊ីន-ស៊ីសាមុត បានចូលរៀននៅ
សាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែង
ពេលអាយុ ៥ ឆ្នាំ ។ លោកជាក្មេងល្អ
និងទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់ ។
លោកមាននិស្ស័យជាមួយសិល្បៈ តាំងពីអាយុ ៦ ឬ ៧ ឆ្នាំ
ដោយចូលចិត្តកូត
ទ្រ ដេញ
ម៉ង់ដូលីន និង
ចាប៉ី ។ ជាញឹកញាប់ លោកត្រូវបាន
សាលា សុំឲ្យលេង
ម៉ង់ដូលីន
ក្នុងពិធីបុណ្យផ្សេង ៗ នៅសាលា ។ កាលពីកុមារ លោកជាក្មេងសុភាព
ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ ។ គេនិយាយថា
លោកនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយសំដីទន់ភ្លន់និងផ្អែមល្ហែម ។
លោកតែងទៅលេង
វត្ត នៅក្បែរផ្ទះជាញឹកញាប់ និងបាននិយាយលេងជាមួយ
ព្រះសង្ឃ នាពេលទំនេរ ។ លោកមាននិស្ស័យនឹង
ព្រះពុទ្ធឋសាសនា ដោយលោកបានសុំរៀន
ភាសាបាលី ពី
ភិក្ខុ មួយអង្គ ។ លោកចូលចិត្តអានសៀវភៅ
ទាត់បាល់ និងបង្ហោះ
ខ្លែង ។ ចំពោះការបរិភោគ ចូលចិត្តញ៉ាំតែម្ហូបគោក មានសាច់ មិនចូលចិត្តញ៉ាំ
បន្លែ ទេ ។
ពងទាចៀន ជាម្ហូប ដែលលោកចូលចិត្តញ៉ាំជាប្រចាំ ។
លោកបញ្ចប់ការសិក្សាចំណេះទូទៅ នៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលា
វេជ្ជសាស្ត្រ នៅ
ភ្នំពេញ ដោយស្នាក់នៅជាមួយ
ឪពុកមា របស់លោក ។ ទោះជាមមាញឹកនឹងកិច្ចការរៀនសូត្រនៅសាលាវេជ្ជសាស្ត្រយ៉ាងណាក៏ដោយ លោកនៅអាចឆ្លៀត
ពេលទំនេរ ដើម្បីរៀនច្រៀង និងនិពន្ធ
បទភ្លេង ដែរ ។ ក្នុងកំលុងពេលនោះ លោកកម្រចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់
ឧបត្ថម្ភ ពី
មាតា បិតា លោក
គ្រប់គ្រាន់ល្មមសម្រាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ ។
ហេតុនេះ លោកតែងចំណាយពេលទំនេររបស់លោក
ដើម្បីសិក្សាបទភ្លេងនិងហាត់ច្រៀង ។
ដោយមានការគាំទ្រពីមិត្តភក្ដិ ដូចកាលពីនៅបឋមសិក្សាឋានដែរ
លោកចាប់ផ្តើមល្បីនៅសាលារបស់លោកថា ជាអ្នកមាន
ទេពកោសល្យ ខាង
តន្ត្រី និង
ចម្រៀង ហើយលោកត្រូវបានគេសុំឲ្យច្រៀងនៅរាល់
កម្មវិធី របស់សាលា ។ នៅឆ្នាំដដែលនោះ លោកបានបង្កើតក្រុមតន្ត្រីមួយឈ្មោះថា
ព្រះច័ន្ទរស្មី
ដែលមានសមាជិក ៩ នាក់ ។ មិនយូរប៉ុន្មានក្រោយមក
ក្រុមតន្ត្រីរបស់លោក
ទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាពលរដ្ឋក្រុងភ្នំពេញ ។
ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ ១៩៥៣ ក្រុមតន្ត្រីរបស់លោក
ត្រូវបានវិទ្យុជាតិអញ្ជើញឲ្យចូលប្រគំរួមជាមួយក្រុមតន្ត្រីវិទ្យុ
ជាតិ ឈ្មោះ
រាជសីហ៍ ។
ពេលកិត្តិសព្ទរបស់លោកចាប់ផ្ដើមល្បីពាសពេញភ្នំពេញ
លោកក្លាយជាអ្នកចម្រៀងពាក់កណ្ដាលអាជីព ដោយជារឿយ ៗ
លោកតែងចេញច្រៀងតាម
វិទ្យុ និងពិធី
មង្គលការ ផ្សេង ៗ ។ ជា
អកុសល មាតាបិតារបស់លោក មិនសប្បាយចិត្តនឹងឮលោកច្រៀងតាមវិទ្យុទេ ។ មាតាបិតារបស់លោក ចង់ឲ្យលោកក្លាយជា
វេជ្ជបណ្ឌិត និងបារម្ភថា ចម្រៀងនឹងរំខានដល់ការសិក្សារបស់លោក ។ ប៉ុន្តែ វាសនាបានចារថា លោក ស៊ីន-ស៊ីសាមុត ត្រូវតែក្លាយជា
អ្នកចម្រៀង ទោះជាមានការជំទាស់ពី
គ្រួសារ យ៉ាងណាក៏ដោយ ។
ពេលដែល
កម្ពុជា បានទទួល
ឯករាជ្យ
បរិបូរណ៍ ពី
បារាំង នៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជាសិល្បកររបស់លោក ដោយក្លាយជាអ្នកចម្រៀងប្រចាំអោយ
ស្ថានីយ៍វិទ្យុ ជាតិ ។ លោកបន្តការសិក្សា
វេជ្ជសាស្ត្រ រហូតដល់ចប់ និងចូលបម្រើការងារនៅ
មន្ទីរពេទ្យព្រះកេតុមាលា ។ លោក ស៊ីន-ស៊ីសាមុត និពន្ធបទភ្លេងដោយប្រើ
ម៉ង់ដូលីន ។ បទចម្រៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហា
សុភមង្គល ឈឺចាប់ និង
ស្រមើស្រមៃ ។ ទេពកោសល្យសិល្បៈ របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពី
កំណើត
របស់លោក ។ គេនិយាយថា លោកបានប្រើប្រាស់វចនានុក្រមដល់ទៅ ៣
ដោយគ្រាន់តែចង់មើល តើពាក្យមួយសរសេរត្រឹមត្រូវឬអត់ ក្នុង
ភាសាខ្មែរ សំស្ក្រឹត និង
បាលី ។
ចម្រៀងភាគច្រើនរបស់លោក
ផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់ ។ មិត្តអ្នកស្ដាប់
តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មានទាំងស្នេហានិងការបាត់បង់
សប្បាយ និងឈឺចាប់ សម្រាប់ឲ្យលោក ស៊ីន-ស៊ីសាមុត និពន្ធចម្រៀង
ដោយផ្អែកលើរឿងពិតនេះ ។ ហេតុនេះ អត្ថន័យក្នុងចម្រៀងរបស់លោក
ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក ។ ពេលដែលលោកច្រៀង
គ្រប់ពាក្យគ្រប់ម៉ាត់ គឺច្បាស់ ៗ មួយ ៗ ។
លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំឡេងអោយត្រឹមត្រូវតាមការសរសេរ
ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ ។ សំនៀងដ៏ក្រអួនមានទឹកដម
ហើយអាចបត់បែនកាច់កុងតាមតែលោកចង់បាន មិនភ្លាត់មិនភ្លាវ
ហើយខ្យល់
សំនៀង
ដាក់ត្រូវតាមអត្ថន័យបទនីមួយ ៗ ប្លែក ៗ គ្នាទៀតផង ។
ចំណុចលេចធ្លោមួយទៀតនៃសំនៀងរបស់លោក គឺ ណែន ពីរោះ ច្បាស់ គ្មានបន្លំ
គ្មានលួចបំភ័ន្តអ្នកស្តាប់មួយពាក្យ ឬមួយឃ្លាណាឡើយ ។
សូរសព្ទសំនៀង
ដែលលោកបន្លឺពេញចំជាពាក្យខ្មែរត្រូវតាមអក្ខរាវិរុទ្ធ
ហើយអ៊ឺនសំឡេងទៀតសោត ទោះជាដាក់ទាបឬលើកខ្ពស់
ក៏លោករក្សាបាននូវកម្រិតសំឡេងដដែលហាក់គ្មានប្រឹងបង្ខំបន្តិចណា
ឡើយ ។
ដោយសារសំឡេងទន់ត្រជាក់ណែនក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត
កាន់តែពីរោះឈ្មោះរបស់លោក បានកាន់តែលេចត្រដែតក្នុងចំណោមមហាជន
ទើបនៅដើមទសវត្សរ៍ ៥០ លោកបានត្រូវម្ចាស់ក្សត្រី
កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាតអោយលោកចូលក្នុង
វង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក
សុះ-ម៉ាត់
ដែរ ដើម្បីសម្តែងក្នុងពិធីគារវកិច្ច
ក៏ដូចជាលៀងសាយភោជន៍ផ្សេង ៗ ។
លោកស្ថិតនៅក្នុងវង់ភ្លេងនេះរហូតដល់ឆ្នាំ ១៩៧០ ។
ក្រៅពីចម្រៀងសម័យ លោកក៏ច្រៀងចម្រៀងបុរាណនិងប្រពៃណីដែរ ដូចជា
បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេ និង
បាសាក់ ផងដែរ ។
នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ៥០ បទវីយ៉ូឡុងស្នេហា ដែលនិពន្ធដោយតន្រ្តីករវីយ៉ូឡុង
ហាស់-សាឡន
បានជំរុញកិត្តិសព្ទលោក ស៊ីន-ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ ។
បទចម្រៀងល្បី ៗ របស់លោក ស៊ិន-ស៊ីសាមុត នៅសម័យនោះ មាន បទ
ស្រីស្រស់ក្មេង បទ អនុស្សាវរីយ៍ភ្នំក្រវាញ បទ ចុងស្រល់ បទ
ថ្ងៃដប់ពីរធ្នូ បទ កាកី បទ កង្រី បទ ថ្ងៃមួយកក្កដា បទ
សម្រស់ឆ្នេរកែប បទ ស្ទឹងពោធិ៍សាត់ និង បទ ព្រែកឯងអស់សង្ឃឹម ជាដើម ។
ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍ ៦០
នៅឆ្នាំ ១៩៦៣ លោក ស៊ីន-ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយ
ផលិតកម្មវត្តភ្នំ ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយ
ទូរទស្សន៍សាធារណរដ្ឋ
អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង
នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ
ដើម្បីអបអរសាទរពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។
កិត្តិសព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថតបទចម្រៀងថ្វាយ
ព្រះបាទនរោត្តម-សីហនុ
ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០
និងដើមទសវត្សរ៍៧០
លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មាន
រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុងរឿងពៅឈូកស
ដឹកនាំថតដោយលោក
ទា-លឹមកាំង សំដែងដោយ លោក
ជា-យុទ្ធថន និង អ្នកស្រី
ឌី-សាវ៉េត , បទនាវាជីវិត របស់លោក ស៊ីន-ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់តែកម្សត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត (សំដែងដោយ លោក
ជា-យុទ្ធថន ) ចេញទូកចាកចោលនាងពៅឈូកស (សំដែងដោយអ្នកស្រី
ឌី-សាវ៉េត )អោយនៅកណ្តោចកណ្តែង។
នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមានដូចជា អ្នកស្រី
ម៉ៅ-សារ៉េត អ្នកស្រី
កែវ-សិដ្ឋា អ្នកស្រី
ឈុន-វណ្ណា អ្នកស្រី
ហួយ-មាស អ្នកស្រី
រស់-សេរីសុទ្ធា និង អ្នកស្រី
ប៉ែន-រ៉ន ។ អ្នកស្រី
ម៉ៅ-សារ៉េត ជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំងប្រទេសដំបូងគេចាប់ពី
កម្ពុជា បានឯករាជ្យ។ បទចម្រៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី
ប៉ែន-រ៉ន ចាប់ផ្តើមថតចម្រៀងជាមួយលោក ស៊ីន-ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី
រស់-សេរីសុទ្ធា
ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។
សំឡេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំឡេងធ្ងន់ក្រអួនរបស់លោក
ស៊ីន-ស៊ីសាមុត។
ទសវត្សរ៍ ៧០
ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត
បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់តម្រូវការអ្នកគាំទ្រលោក។
ហេតុនេះលោកក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។
ដំបូងលោកច្រៀងបទនិពន្ធរបស់ លោក
ពៅ-ស៊ីផូ លោក
ស្វាយ-សំអឿ លោក
ម៉ា-ឡៅពី លោក
មែរ-ប៊ុន (មិត្តស្និទស្នាលរបស់លោក) និងលោក
ហាស់-សាឡន ។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនលោកច្រៀងបទនិពន្ធដោយលោក
វ៉ោយ-ហូរ ។
ទោះជាលោកច្រៀងបទដែលនិពន្ធដោយអ្នកដទៃ
បទចម្រៀងរបស់លោកនៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចម្រៀងផ្ទាល់ខ្លួន
លោកក៏បានយកទំនុកភ្លេងបរទេសមកច្រៀងជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន
និងបទស្នេហ៍ឆ្លងវេហា ដែលយកពី
ថៃ ,
បទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun,
បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។
ក្រៅពីនោះលោកតែងបទដោយខ្លួនឯង ដែលមានរឿងខ្លះជារឿងផ្ទាល់របស់លោក
មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។
ហេតុនេះហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹមគឺ
មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច
ដើម្បីសុំឱ្យជួយលោកតែងបទពីជីវិតឬពីការឈឺចាប់ណាមួយរបស់គេ ។ ចំពោះសំណូមពរនេះ
លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោកភាគច្រើនវាខ្លីមួយបទមែន
តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ
ពីព្រឹត្តិការណ៍ធំណាមួយឬពីដំណើរជីវិតរបស់មនុស្សម្នាក់តាំងពីដើមរហូតដល់ចប់
ហើយពោរពេញដោយមនោសញ្ចោតនាយ៉ាងជ្រាលជ្រៅទៀតផង។
នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុតថតអាល់ប៊ុមអោយ
ផលិតកម្មច័ន្ទឆាយា និង
ផលិតកម្មហេងសេង ។
លោកក៏សរសេរចម្រៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២
លោកបានលក់ចម្រៀងជាង១ពាន់បទអោយផលិតកម្មនានា។
រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥
លោកបានថតចម្រៀងប្រហែល១ពាន់បទទៀត។
បន្ទាប់ពី
រដ្ឋប្រហារ ថ្ងៃទី១៨
មីនា ១៩៧០ លោកស៊ីន-ស៊ីសាមុតបានចាកចោលវង់ភ្លេងព្រះរាជទ្រព្យ
ទៅការិយាល័យទី៥នៃក្រសួងអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋខ្មែរ។
លោកបានធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ
រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួងក្នុងឋានៈជាអនុសេនីយ៍ទោ។
នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។
នៅសម័យលន់នល់ លោកចាប់ផ្តើមច្រៀងចម្រៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។
នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ លោកច្រៀងបទគាំទ្ររបបសាធារណរដ្ឋ
ក្នុងសម្លៀកបំពាក់យោធាដោយពាក់មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។
លោកបានរៀបអាពាហ៍ពិពាហ៍ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។
នៅពេល
ខ្មែរក្រហម វាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវបានគេជម្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ លោកត្រូវពួក
ខ្មែរក្រហម សម្លាប់បន្ទាប់ពីលោកថតបទចម្រៀងអោយពួកវារួចហើយ។
ជីវិតផ្ទាល់ខ្លួន
ស្នេហា អាពាហ៍ពិពាហ៍ និង គ្រួសារ
លោកស៊ីន-ស៊ីសាមុត
មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។
ដោយសារតែលោកមានមហិច្ឆតាខ្ពស់និងបូជាខ្លួនសម្រាប់ចម្រៀង
ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្អែមទេ។
ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។
លោកស៊ីន-ស៊ីសាមុតរៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី
ខាវ-ថងញ៉ុត
ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។
ពួកលោកមានបុត្រាបុត្រី៤នាក់មានដូចជា សុិន យុទ្ធនា សុិន ច័ន្ទឆ័យា សុិន
វ៉ាន់ថា សុិន ប្រាសាទសង្វា។ បន្ទាប់ពី
សម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយសារសម្ពាធពីអាជីពនិង
កេរ្តិ៍ឈ្មោះ របស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
ទោះបីជាលោកស៊ីន-ស៊ីសាមុតមានទេពកោសល្យ
និងធ្វើការខ្លាំងផ្នែកចម្រៀងនិងតន្ត្រីក៏ដោយ
ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។
ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ
ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម
ដោយសារប្រាក់ចំណូលបានមកតែពីទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ
គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។
លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម
និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា
វីឡាសូក្រាត។ ប៉ុន្តែប្រាក់ចំណូលរបស់លោក៏អាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន
(Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D)ពណ៌ខៀវបាន។
ជាទូទៅ ជីវិតរបស់លោកគឺសាមញ្ញណាស់ ដោយចំណាយពេលភាគច្រើនសម្រាប់ធ្វើការងារ។
ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោកមានកម្រិតមធ្យម
លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បករចម្រៀងតន្ត្រីទេ។
លោកបានពន្យល់ដល់លោក
ស៊ីន-ច័ន្ទឆាយ៉ា
ដែលជាកូនប្រុសរបស់លោកថា អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ។
ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចម្រៀងក៏ដោយ
ក៏ស៊ីន-ស៊ីសាមុតមិនដែលជួយលើកទឹកចិត្តឬជួយបង្ហាត់បង្រៀនកូនៗ
ពីសិល្បៈតន្ត្រីនិងចម្រៀងដែរ។
មិត្តភក្តិ និង ចំណង់ចំណូលចិត្ត
លោកស៊ីន-ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខ
ជំនួញ លោកជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង
គឺគោរពពាក្យសំដីនិងតែងផ្តល់នូវអ្វីដែលលោកបានសន្យា។ ពេលវេលា
ឬតម្លៃដែលបានព្រមព្រៀងគ្នាប៉ុនណា ប៉ុន្មានគឺប៉ុណ្ណោះ
ហើយមិនឱ្យលើសមិនឱ្យយឺតឱ្យច្រើនជាងក៏មិនយកឱ្យតិចជាងក៏មិនព្រម។
លោកមិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា
មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។
គេនិយាយថាមានថ្ងៃខ្លះលោកនិយាយមិនដល់១០ម៉ាត់ផងក្នុង១ថ្ងៃ។
ពេលដែលលោកគ្មានកម្មវិធីសម្ដែង
លោកតែងចាក់សោរខ្លួនឯងក្នុងបន្ទប់សំងំសសេរបទភ្លេង
រហូតដល់មានញាតិញោមខ្លះប្រកាន់ថាលោកជាមនុស្សឆ្មើងឆ្មៃ ឬមិនសូវរាប់ញាតិ។
តាមការពិតពេលវេលារបស់លោកជាមាសប្រាក់ពិតៗ
ថ្វីបើមាសប្រាក់នោះចំពោះអ្នកដទៃវាមិនអាចធ្វើដូចលោកក៏ដោយ។
ក្នុងការត្រិះរិះឬក្នុងការសរសេរ
លោកដាក់អារម្មណ៍រហូតដល់មិត្តភក្តិទៅឈរក្រោយខ្នងលោកយ៉ាងយូរ
ទើបលោកផ្តាច់អារម្មណ៍ចេញមកពីការងារមកសួរនាំបាន ។
រៀងរាល់យប់ស្នូរម៉ុងដូលីនរាវរកបទរបស់លោក
អូសបន្លាយរហូតដល់ម៉ោង២ឬ៣ទៀបភ្លឺក៏មាន ។
មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី
ម៉ៅ-សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង
សៀង-ឌី និងលោក
សុះ-ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក
មែរ-ប៊ុន (អ្នកដែលលោកទុកចិត្តបំផុត) និងលោក
ស៊ីវ-ស៊ុន ។ គេនិយាយថាលោក
ស៊ីវ-ស៊ុន ជាលេខារបស់លោកស៊ីន-ស៊ីសាមុត។ លោក
ស៊ីវ-ស៊ុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន-ស៊ីសាមុត។
លោកស៊ីន-ស៊ីសាមុត ចូលចិត្តល្បែងជល់
មាន់ ។ លោកថែមទាំងបានចិញ្ចឹម
មាន់ជល់ ដោយខ្លួនលោក
ផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។
លោកតែងហាត់លើកទម្ងន់រាល់ព្រឹក។ ចំណូលចិត្តផ្សេងទៀតរបស់លោកមាន
អានសៀវភៅនៅបណ្ណាល័យ និងមើលកុន
បារាំង នៅ
រោងភាពយន្តលុច្ស និង
រោងភាពយន្តព្រហ្មបាយ័ន ។ ពេលយប់ បន្ទាប់ពីការសម្ដែង លោកតែងទៅហូបបបរជាមួយមិត្តភក្តិ។ លោកមានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅ
ភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកម្រៃ ១៥០០រៀល។ គួរបញ្ជាក់ដែរ ថាតម្លៃ
គុយទាវ នៅសម័យនោះមានតម្លៃតែ ៥រៀលប៉ុណ្ណោះក្នុង១ចាន។ លោកតែងទៅច្រៀងនៅ
រង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។
លោកមិនមែនជាមនុស្សរើសម្ហូបទេ។ លោកចូលចិត្តហូប
ម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ លោកចូលចិត្ត
ប្រហុក និង
ផ្អកត្រី តែលោកមិនញ៉ាំផ្ទាល់ទេ។ លោកមិនដែលទទួលទាន
ស្រា ឬ
ភេសជ្ជៈ ម្ទេស ម្រេច និង
បារី ទេ ព្រោះរបស់ទាំងនេះប៉ះពាល់ដល់ទឹកដមសំឡេងលោក។
កេរ្តិ៍ដំណែល
ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ
បទចម្រៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជនកម្ពុជា។
ខ្សែអាត់សំឡេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។
ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំឡេងមាសរបស់លោកយកទៅថតបន្តជា
កាសែត និង
ស៊ីឌី ។ ហេតុនេះហើយសំឡេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់ស្ថានីយ៍វិទ្យុនានា។
អនុស្សាវរីយ៍ខ្លះនៃបទចម្រៀងរបស់លោកស៊ីន ស៊ីសាមុត
បទចម្រៀងរបស់លោកមួយចំនួនមានទាក់ទិននឹងរឿងរ៉ាវជីវិតរបស់លោកផ្ទាល់ដែលលោកបានចងក្រងសម្រាប់រូបលោក
ហើយបទមួយចំនួនក៏ជាសាច់រឿងរបស់មិតភក្តិរបស់លោក
ដែលបានស្នើសុំឱ្យលោកជួយធ្វើបទសម្រាប់ជាអនុស្សាវរីយ៍របស់ជីវិតដែរ ។
បទឧត្តមដួងចិត្ត
លោកឆាយាជាកូនបានអះអាងថាជាបទអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅរបស់ឪពុកលោកនិងម្តាយរបស់លោក
ក្នុងរយៈពេលដែលលោកទាំងពីរមានទំនាស់នឹងគ្នា
ហើយម្តាយលោកបានចុះចោលលោកក្នុងរយៈពេលយ៉ាងយូរធ្វើឱ្យលោកតែងបទចម្រៀងនេះឡើង
ក្នុងបំណងបង្ហាញពីចិត្តដែលពោរពេញដោយវិប្បដិសារីរបស់លោក ។
បទអូនជាទេវីដួងចិត្ត ជាបទដែលរៀបរាប់ពីការស្រឡាញ់របស់លោកចំពោះនារីម្នាក់ដែលមានឋានៈខ្ពស់ឆា្ងយពីលោក ហើយលោកបានរក្សាយ៉ាងសមា្ងត់ក្នុងដួងចិត្ត។
បទមិនបាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ ជាបទចម្លងក្លាយពីបទអន្តរជាតិ តែលោកក៏ចង់សំដៅដល់នារីម្នាក់ដែលបានរួមរស់ជាមួយលោកមួយរយៈពេល ហើយបានបែកទៅដោយសារខ្វះភក្តីភាពនឹងលោក ។
បទស្លឹកឈើ ជាបទរបស់លោកឧត្តមសេនីយ៍ សាក់-ស៊ុតសាខន តែជាបទដែលលោក ស៊ិន-ស៊ីសាមុត បានល្បីឈ្មោះស្មើនឹងបទសំរោងចុងកាល់របស់លោក ហាស់-សាឡន ដែរ ។
បទចាំជួបរាល់ថៃ្ងលិច ជាបទដែលតែងដោយលោក វ៉ោយ-ហូរ កំពុងតែតាមស្រឡាញ់នាងតារា-ចោមច័ន្ទ ។ តែបទនេះសំឡេងម៉ុងដូលីនក្បាលបទ គឺជាស្នាដៃរបស់លោក ស៊ិន-ស៊ីសាមុត ដេញដោយខ្លួនលោកផ្ទាល់ មុននឹងចាប់ផ្តើមវគ្គទីមួយ ។
បទចម្រៀងឥតព្រាងទុក គឺជាអនុស្សាវរីយ៍របស់លោក ពៅ-ស៊ីផូ
ជាមិត្តរបស់លោកពេលជួបស្រី
ម្នាក់នៅក្នុងរង្គសាលដោយចៃដន្យ។
បទនេះត្រូវបានលោកយកទៅកសាងជាខ្សែភាពយន្តមានឈ្មោះថា ចម្រៀងឥតព្រាងទុក
ដែលសម្តែងដោយលោក ជា-យុទ្ធថន អ្នកស្រី វីជ្ជរ៉ា-ដានី អ្នកស្រី រស់-សេរីសុទ្ធា ផលិតដោយខ្លួនលោក ស៊ិន-ស៊ីសាមុត ផ្ទាល់ និងបានបញ្ចាំងនៅរោងភាពយន្តហេមជាតិ ។
បទពេលរាត្រី ដែលជាស្នាព្រះហស្ថសម្តេចព្រះបិតាឯករាជ្យជាតិ គឺលោក ស៊ិន-ស៊ីសាមុត បានច្រៀងរួមជាមួយអ្នកចម្រៀង កែវ-សេដ្ឋា ។
ពេលដែលលោកចេញទៅទស្សនកិច្ចនៅប្រទេសបារាំង និង ហុងកុង
លោកបាននាំត្រឡប់មកវិញនូវបទចម្រៀងអនុស្សាវរីយ៍ចំនួន២៥បទ
ដូចជាបទស្តាប់ស្នូរទឹកភ្លៀង, បទលាហើយប៉ារីស, បទអង់តូនីញ៉ែតា, បទម៉ារីណា,
បទម៉ាន់ដេ, បទវីយ៉ូឡែត្តា, បទរាត្រីនៅហុងកុង ជាដើម ៘ មានន័យថា
ទោះលោកទៅដល់ទីណា នៅក្នុងប្រទេសណាក្តី
គឺតែងមានអនុស្សារវីយ៍នាំមកជាមួយជានិច្ច ។