Wednesday, March 1, 2017

ថាមពលនៃការអភិវឌ្ឍកុមារតូច






សៀមរាប៖ នាព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន  នាយករដ្ឋមន្រ្តី  ​នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក  ស្តីពី  ការអភិវឌ្ឍកុមារតូច     ក្រោមប្រធានបទ ថាមពលនៃការអភិវឌ្ឍកុមារតូចដែលអាចផ្លាស់ប្តូរបាន៖  សារៈសំខាន់នៃការចូលរួមអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧  នៅសណ្ឋាគារអង្គរអេរ៉ា  ខេត្តសៀមរាប។  សន្និសីទនេះបានរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយបណ្តាញការងារតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់ការអភិវឌ្ឍកុមារ។  
 ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញមកពី ៣៦ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រតិភូជាតិ សរុបប្រមាណ៥៣០​នាក់។ អង្គពិធីបានពិភាក្សាផ្តោតសំខាន់ទៅលើសារសំខាន់នៃឱកាសក្នុងការទទួលបាននូវការអភិវឌ្ឍរបស់កុមារតូចប្រកបដោយសមធម៌ និងទិសដៅអភិវឌ្ឍប្រកបដោយចីរភាពត្រឹមឆ្នាំ២០៣០ ដែលធានាថា គ្រប់កុមារតូចទាំងអស់ មានឱកាសក្នុងការទទួលបាននូវការអភិវឌ្ឍ និងការគាំពារតាំងពីកុមារភាពប្រកបដោយគុណភាព  បរិយាប័ន្នសមធម៌  និងមានឱកាសទទួលបាននូវការគាំពារ   ការអប់រំនៅកម្រិតមត្តេយ្យសិក្សាដែលជាមូលដ្ឋានគ្រឹះ ដើម្បីឲ្យពួកគេទាំងអស់ត្រៀមខ្លួនជាស្រេចចូលរៀនត្រូវតាមអាយុនៅកម្រិតបឋមសិក្សា ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន  នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩​ ឱកាសសិក្សា គឺមានគ្រប់គ្នា សម្រាប់កុមារា កុមារី ទូទាំងប្រទេស។ មត្តេយ្យសិក្សា ទទួលបានការឧត្ថមពីរាជរដ្ឋាភិបាល  ដើម្បីកសាងបុគ្គលិកលក្ខណៈ  អត្តចរិត  និងចំណេះដឹងដំបូង  សម្រាប់តៀមខ្លួនចូលបឋមសិក្សា  ហើយប្រទេសកម្ពុជា ស្រលាញ់និងចាត់ទុកកុមារ គឺជាដើមទុននៃធនធានមនុស្ស និងជាអ្នកដឹកនាំទៅថ្ងៃអនាគតសម្រាប់ប្រទេសជាតិ។
ក្នុងន័យនេះដែរ ព្រឹត្តការណ៍ ២​ ឬ ៣​ឆ្នាំដំបូង របស់កុមារតូចគឺជាការបង្កើតឡើង និងដើរតួរយ៉ាងចាំបាច់លើការលូតលាស់ ខាងការសិក្សា និងសុខភាពនៅក្នុងសង្គម។ ការអភិវឌ្ឍកុមារតូចជាបន្តបន្ទាប់ក្នុងឆ្នាំ២០១៦ បានបង្ហាញថាការអភិវឌ្ឍសុខភាពរបស់កុមារ គឺពឹងផ្អែកលើការគាំពារអប់រំដែលធានាបាននូវសុខភាព  អាហាររូបត្ថម្ភ ការគាំពារប្រកបដោយការយកចិត្តទុកដាក់ សុវត្ថិភាពនិងសន្តិសុខ និងការអប់រំតាំងពីកុមារភាព។ ទាំងនេះ វាបានផ្តោតសំខាន់ទៅលើតម្រូវការក្នុងការចូលរួមអន្តរាគមន៍ពីសំណាក់អន្តរវិស័យ ជាពិសេសចំពោះកុមារតូចដែលងាយរងគ្រោះ ដែលក្នុងចំណោមពួកគេទាំងនេះ គឺត្រូវការជាចំបាច់នូវអាហាររូបត្ថម្ភដើម្បីជម្រុញការធំធាត់ និងសុខភាព និងការការពារកុមារតូចឲ្យផុតពីអំពើហឹង្សា ដោយទទួលបានការគាំពារពីក្រុមគ្រួសារ  ពីសង្គមតាមរយៈស្ថេរភាពផ្នែកហិរញ្ញវត្ថុរបស់គ្រួសារ និងលទ្ធភាពដែលអាចឲ្យពួកគេមានឱកាសទទួលបាននូវការអប់រំតាំងពីដំបូង និងសេវាផ្សេងៗប្រកបដោយគុណភាព។
ដូចបានលើកទ្បើងដោយលោកបណ្ឌិត ហ្សែលឌុន ហ្សែហ្វហ្វឺ ប្រធានក្រុមប្រឹក្សាភិបាលនៃសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីការអភិវឌ្ឍកុមារតូច (ARNEC) “ចក្ខុវិស័យសម្រាប់ឆ្នាំ២០២០ របស់សន្និសីទគឺបញ្ហាប្រឈមជាក់លាក់ដ៏សំខាន់មួយនៅក្នុងតំបន់ គឺការលើកកម្ពស់ការទទួលបាន ប្រកបដោយសមភាពនូវសេវាគាំទ្រនៃការអភិវឌ្ឍកុមារតូច។ បច្ចុប្បន្នពុំមានការយកចិត្តទុកដាក់ឱ្យគ្រប់គ្រាន់លើបញ្ហាសមភាពទេ ជាពិសេសសម្រាប់កុមារមកពីគ្រួសារពុំសូវទទួលបានការគាំទ្រ ដោយសារកត្តាតំបន់រស់នៅដាច់ស្រយាល ភាសា/ក្រុមជនជាតិភាគតិច  យេនឌ័រ ពិការភាព ប្រាក់ចំណូល និង/ឬ ស្ថានភាពសេដ្ឋកិច្ចជាដើម។”  
ក្នុងពិធីនេះដែរ លោកស្រី ខារីន ហ៊ុលហ្សុប នាយកយូនីសេហ្វប្រចាំតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ថាមានភស្តុតាងច្បាស់លាស់ជាច្រើនបានបង្ហាញថា រយៈពេលមួយពាន់ថ្ងៃដំបូងនៃជីវិត ចាប់តាំងពីបង្កកំណើតក្នុងផ្ទៃរហូតដល់អាយុពីរឆ្នាំ គឺជាពេលវេលាដ៏មានសារៈសំខាន់បំផុតសម្រាប់សុខុមាលភាពនិងការអភិវឌ្ឍរបស់កុមារ។លោកស្រីបានបន្ថែមទៀតថាការផ្តល់ការថែទាំប្រកបដោយគុណភាពក្នុងអំទ្បុងពេលពពោះ ការបំបៅដោយទឹកដោះម្តាយត្រឹមត្រូវ ការចិញ្ចឹមបីបាច់ដោយយកចិត្តទុកដាក់ និងការផ្តល់ការអប់រំនៅវ័យក្មេង គឺជាកត្តាចាំបាច់ក្នុងការកសាងកុមារប្រកបដោយសុខភាពល្អ ដើម្បីឲ្យពួកគេអាចឈានទៅសម្រេចបាននូវសក្តានុពលរបស់ពួកគេនៅពេលពេញវ័យ។ អនាគតកុមារនិងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស        គឺពឹងផ្អែកកាន់តែច្រើនទ្បើងទៅលើការ
វិនិយោគលើកុមារ ដោយជួយពង្រឹងសុខភាពនិងធនធានបញ្ញាស្មារតីរបស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំដំបូងនៃជីវិត។​ ការវិនិយោគលើកុមារ គឺជាទង្វើដ៏ត្រឹមត្រូវនិងឆ្លាតវៃ។”  
សន្និសីទ បានបន្តគូសបញ្ចាក់ពីសារៈសំខាន់នៃការវិយោគទៅលើការអភិវឌ្ឍកុមារតូច សម្រាប់ការអភិវឌ្ឍដោយនិរន្តរភាពរបស់ប្រទេសជាតិ។ ការវិនិយោគទៅលើ ១ពាន់ថ្ងៃដំបូងរបស់កុមារ ក្នុងការជួយឧត្ថមដល់ពួកគេ បើម្បីកសាងធនធានមនុស្ស និងបង្កើនផលិតផលសេដ្ឋកិច្ចក្នុងជីវិតពេលក្រោយផងដែរ ។ ជាចុងបញ្ចប់ ពិធីបានបន្តផ្តោតសំខាន់លើ សារៈសំខាន់នៃការពង្រឹងនិងធ្វើឱ្យប្រាកដថា រាល់កុមារតូចទាំងអស់ ទទួលបាននូវសេវាជាមូលដ្ឋាន ដើម្បីចម្រើនវ័យក្នុងជីវិតពេលក្រោយៗមក ។  
សន្និសីទនេះ នឹងផ្តល់ឱកាសឲ្យប្រទេសនីមួយៗ ចូលរួមចែករំលែក និងសិក្សាពីយុទ្ធសាស្រ្តពីគ្នាទៅវិញទៅមក ស្តីពី ការសម្រេចឲ្យបាននូវដៅអភិវឌ្ឍប្រកបដោយចិរភាពត្រឹមឆ្នាំ២០៣០។ សន្និសីទ ក៏នឹងអនុញ្ញាតឲ្យប្រទេសដែលចូលរួមធ្វើការពិភាក្សាពីយុទ្ធសាស្រ្តផ្សេងៗ  ដូចជា   តម្រូវការដើម្បីធ្វើបរិយាប័ន្ន និងសមាហរ័ណកម្មកម្មវិធី គោលនយោបាយ ដែលគាំទ្រដោយទីភ្នាក់ងារទទួលបន្ទុកសុខភាព អាហាររូបត្ថម្ភ និងគាំពារសង្គម ចំពោះកុមារ ខាងផ្នែក អប់រំអនាម័យទឹក។ 
គួររំលឹកបន្តិចផងដែរអំពីសាវតារ នៃគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច របស់ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ដែលហៅកាត់ថា NC- ECCD ដើរតួជាយន្តការមួយសម្រាប់អនុវត្តច្បាប់លើការអប់រំ និងគោលនយោបាយជាតិស្តីពី  ការគាំពារ និងការអភិវឌ្ឍកុមារតូច ។ ​ដែលមានទស្សនៈវិស័យរបស់ គោលនយោបាយជាតិ នៃការគាំពារ និងការអភិវឌ្ឍកុមារតូច គឺ "រាល់កុមារកម្ពុជាទាំងអស់គ្នា ដែលមានអាយុក្រោម ៦ឆ្នាំ ជាពិសេសកុមារក្រីក្រ  ដែលងាយរងគ្រោះ  គួរតែត្រូវបានផ្តល់ឱ្យនូវសេវាការគាំពារ និងអភិវឌ្ឍ យោងតាមច្បាប់រដ្ឋធម្មនុញ របស់ព្រះរាជាណាចក្រកម្ពុជា" ។​       គណៈកម្មាធិការជាតិគាំពារ    និងអភិវឌ្ឍកុមារតូច    ដែលមាន        សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស  និងឯកឧត្តមបណ្ឌិត ហង់ ជួន ណា រ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានប្រតិបត្តិ។​ គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច អនុវត្តកម្មវិធី ដើម្បីផ្តល់ សមាហរណៈកម្ម គាំទ្ររដល់កុមារសាលាម្តេយ្យសិក្សា ដោយទាក់ទងនឹងការផ្តល់អាហារូបត្ថម្ភ ការពិនិត្យសុខភាព និងផ្តល់ថ្នាំទម្លាក់ព្រូន។ ដោយមានសមាសភាពសហគមន៍ចូលរួម ទៅលើគោលដៅអប់រំដល់មាតាបិតារបស់កុមារអាយុក្រោម​៦​ឆ្នាំ ។
ដោយឡែក បណ្តាញការងារតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់កុមារតូច គឺជាបណ្តាញការងារដែលមានលក្ខណៈជាអាជីពមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨    ដើម្បីកសាងដៃគូរដ៏ខ្លាំងទាំងឡាយ     ឆ្លងតាមផ្នែកផ្សេងៗ ទីភ្នាក់ងារ  អង្គការដ័ទៃទៀត  និងស្ថាប័ននៅក្នុងតំបន់អាស៊ីប៉ាហ្វិក ដើម្បីពន្លឿននូវរបៀបវារៈ លើការវិនិយោគនៃការគាំពារកុមារតូច។ បណ្តាញការងារតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់កុមារតូច គឺជាបណ្តាញការងារមួយដ៏មានវិសាលភាព និងលូតលាស់លឿនបំផុតក្នុងចំណោមបណ្តាញការងារទាំងអស់ សម្រាប់ការអភិវឌ្ឍកុមារតូចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមាន ៤៧ ប្រទេស  រាប់បញ្ចូលទាំងប្រទេសនៅអាស៊ីបូព៌ា  អាស៊ីអាគ្នេយ៍   ​អាស៊ីត្បូង  និងប្រទេសតិចតួចនៅអាស៊ីកណ្តាលផងដែរ។​
បណ្តាញការងារតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់កុមារតូច កំពុងខិតខំប្រឹងប្រែង ដើម្បីបង្កើតស​ហគមន៍ អភិវឌ្ឍកុមារតូច ឱ្យកាន់តែខ្លាំងខ្លា និងស្វាហាប់ឡើង ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយផ្គត់ផ្គង់បរិក្ខាដល់សមាជិកនៃបណ្តាញការងារតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់កុមារតូច នូវចំណេះដឹងទាន់សម័យ ដើម្បីជួយដល់សមាជិកទាំងអស់នោះ ឱ្យក្លាយជា​អ្នកឧបត្ថម្ភគាំពារដ៏មានប្រសិទ្ធភាព និងពេញលេញចំពោះការអភិវឌ្ឍកុមារតូច។​ បណ្តាញការងារតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់កុមារតូច គាំទ្ររដោយអង្គការយូនី យូនេស្កូ អង្គការគម្រោងអន្រជាតិ អង្គការសង្គមសកល និងអង្គការសង្គ្រោះកុមារ និងមូលិធិកុមារអន្តរជាតិ។

No comments:

Post a Comment