Saturday, March 11, 2017

អានដើម្បីភាពសុខដមនៃជីវិត





អត្ថបទដោយ៖ លោក ខែម ហន
 ភ្នំពេញ៖ ទិវាជាតិអំណាន លើកទី២ ក្រោមប្រធានបទ 'អានដើម្បីភាពសុខដមនៃជីវិត" (Reading for Life-Attainment) ត្រូវបានសហការរៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា  និងក្រសួងព័ត៌មាន។ ទិវាជាតិអំណាន ឆ្នាំ២០១៧នេះ ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧  វេលាម៉ោង៧៖៣០នាទីព្រឹក នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន  រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ខៀវ កញ្ញរិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី សិស្ស- និស្សិត  ព្រះសង្ឃ និងភ្ញៀវជាតិ- អន្តរជាតិសរុបប្រមាណជា ១១០០នាក់។ ទិវានេះត្រូវបានរៀបចំក្នុងគោលបំណង ដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងវិធីសាស្រ្តក្នុងការតែងនិពន្ធ រួមចំណែកការពារ និងពង្រឹងវប្បធម៌ខ្មែរ។​
 ថ្លែងទៅកាន់ទិវាជាតិអំណាន ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន  រដ្ឋមន្រ្តីអប់រំ បានមានប្រសាសន៍ថាទិវានេះពិតជាមានអត្ថន័យដែលក្រសួងបានរៀបចំទិវាជាតិអំណានចំថ្ងៃកំណើតរបស់សម្តេចព្រះសង្ឈរាជ​ ជួន ណាត  ដែលមួយជីវិតរបស់ព្រះអង្គបានបូជាជីវិតបង្កើតវចនានុក្រមអក្សរសាស្រ្តខ្មែរឡើងសម្រាប់ប្រជាជនកម្ពុជាយើង ប្រសិនបើគ្នាការបង្កើតវចនានុក្រមខ្មែរទេនោះប្រទេសកម្ពុជាយើងពុំមានភាពរីកចម្រើនខាងអក្សរសាស្រ្តដូចសព្វថ្ងៃនោះដែរ ពិធីនេះមានភាពខុសប្លែក ពីឆ្នាំមុនដោយមានការចាប់អារម្មណ៍ច្រើនជាងមុន ដែលអ្នកសារព័ត៌មានជាច្រើនបានមកចូលរួមផ្តិតយកព័ត៌មាន និងសរសេរសម្រាប់ផ្សព្វផ្សាយ ជាពិសេសខ្ញុំសូមជម្រាបជូនដល់សាធារណៈជន នូវដៃគូដែលបានសហការឧត្តម្ភដល់ទិវាជាតិអំណានលើកទី២ឆ្នាំ២០១៧ មានច្រើនជាងឆ្នាំមុន រួមមាន៖ អង្គការយូនីស្កូ អង្គការគម្រោងអន្តរជាតិ គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ អង្គការស៊ីប៉ា សមាគមអ្នកស្មគ្រចិត្តសានទី អង្គការរ៉ូមធូរីត  មូលនិធិកុមារសម្រាប់កម្ពុជា អង្គការសង្រ្គោះកុមារ  សាកលវិទ្យាល័យបញ្ញាសាស្រ្ត  អង្គការសកម្មភាពសម្រាប់កុមារនៅកម្ពុជា និងបណ្ណាល័យបញ្ណាវន្ត។
ជាពិសេសក្រសួងបានបង្កើតការប្រកួតប្រជែងអាន ស្មូតកំណាព្យ ជាលើកដំបូងនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិដើម្បីទទួលពាន់រង្វាន់សម្តេចតេជោ ហ៊ុន​  សែន។ ដោយបានជ្រើសរើសនិស្សិតនៅតាមកម្រិតសិក្សានីមួយៗ អនុលោមទៅតាមវិញ្ញាសាពីរសារសំខាន់រួមមាន៖
1.      អាន​ (សម្រាប់សិស្សថ្នាក់ទី៦)
2.      ស្មូតកំណាព្យ (សិស្សថ្នាក់ទី៩)
ក្នុងទិវានោះ ត្រូវបានរៀបចំស្តង់ថតរូប ការដាក់តាំងពិពណ៌សៀវភៅ អមជាមួយការអញ្ចើញចូលរួមពីសាស្រ្តចារ្យនៃសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ​មកស្មូតកំណាព្យ ព្រមទាំងជួបជាមួយវាគ្មិនល្បីៗ ដែលបានអញ្ចើញមកធ្វើបាឋកថា ទាក់ទងនិងភាពជោគជ័យក្នុងជីវិត តាមរយៈការអាន និងមានកម្មវិធីកំសាន្តផ្សេងៗ ដើម្បីអបអរសាទរទិវានេះឱ្យកាន់តែមានភាពផុសផុល អធិកអធម និងប្រកបដោយបរិយាកាសរីករាយ។ រីឯគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនតាមបណ្តា២៥ រាជធានី ខេត្ត ក៏បានរៀបចំប្រារព្ធពិធីតាមលទ្ធភាពរៀងៗខ្លួន ដើម្បីជាការចូលរួមអបអរសាទរទិវាជាតិអំណានទូទាំងប្រទេសកម្ពុជា។
លោក ព្រំ វិចិត្រ ជាអ្នកចូលរួមទិវាជាតិអំណាន ២០១៧នេះ បានចាប់អារម្មណ៍ និងលើកឡើងដែរថា៖ ទិវាជាតិអំណានពិតជាបាននាំមកនូវ គុណប្រយោជន៍ច្រើនណាស់ដល់សិស្សានុសិស្ស-និស្សិត- បញ្ញាវន្ត និងសាធារណៈជន ពីសារសំខាន់ និងឧត្តមប្រយោជន៍រួមពីទម្លាប់នៃការអានជាប្រចាំ និងទៀងទាត់ពេលវេលា។  
គួររំលឹកផងដែរថា សាវតានៃទិវាជាតិអំណាន១១ មីនា  រាជរដ្ឋាភិបាលបានចេញអនុក្រឹតលេខ ១២០ អនក្រ.បក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីទិវាជាតិអំណាន និងបានកំណត់យកថ្ងៃទី១១ ខែមីនា ដើម្បីប្រារព្ធពីធីនេះជារៀងរាល់ឆ្នាំ។ អនុក្រឹតស្តីពីទិវាជាតិអំណានចែកចេញជា ៥ មាត្រា ដែលមាត្រានីមួយៗមានអត្ថន័យដូចខាងក្រោម៖ មាត្រា១៖  ជ្រើសរើសយកថ្ងៃទី១១ មីនា សម្រាប់បា្ររព្ធទិវាជាតិអំណាន (ជាថ្ងៃកំណើតសម្តេចព្រះសង្ឃរាជជួនណាត) មាត្រា​២៖ ពង្រឹងឡើងវិញនូវវប្បធម៌អំណាន ដើម្បីលើកកម្ពស់អក្សរសាស្រ្តខ្មែរ មាត្រា៣៖ ក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកទទួលបន្ទុករៀបចំ ទិវាជាតិអំណាន  មាត្រា៤៖ បទប្បញ្ញាត្តិរបស់អនុក្រិត្យ និងមាត្រា៥៖ ការអនុវត្តអនុក្រិត្យ។
ការប្រារព្ធទិវាជាតិអំណានថ្ងៃទី១១ ខែមីនា​ឆ្នាំ២០១៦ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រារព្ធទិវាជាតិអំណានលើកទី១  ក្រោមប្រធានបទ៖ បណ្តុះទម្លាប់អានជម្រុញវប្បធម៌អាន នាថ្ងៃទី១១ មីនា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានអ្នកចូលរួមប្រមាណជា ១៨៨៣នាក់។ ដោយបានការឧបត្ថម្ភពីដៃគូអភិវឌ្ឍនានា មានការដាក់តាំងពិពណ៌សៀវភៅ សកម្មភាពនិទានរឿង អានរឿង និងស្មូតកំណាព្យជាតំណាង។​
តាមសិក្សាស្រាវជ្រាវយើងអាចនិយាយបានថាទម្លាប់នៃការអានជាប្រចាំ ប្រសិនបើមានឱកាស ក៏ប៉ុន្តែបើមិនមានពេលវេលាគ្រប់គ្រាន់ទេនោះ អ្នកអាន អ្នកសិក្សាគម្បីរៀបចំពេលវេលាឱ្យបានសមរម្យ និងទៀងទាត់សម្រាប់ទម្លាប់ និងប្រែក្លាយឱ្យទៅជាច្បាប់នៃការអានឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយកំណត់យកពេល ៥នាទី អានមុនពេលចូលគេង និង ១០នាទី ក្រោយពីភ្ញាក់ពីដំណេក (ដោយមិនទាន់ធ្វើទាំងអស់ក្រៅតែពីអាន) និងអានសៀវភៅ ឯកសារ ឬអត្ថបទទាំងឡាយដែលជាចំណង់ចំណូលរបស់យើងជាអ្នកអាន តាមស្មារតី និងបរិយាកាសរីករាយ ដោយមិនទទួលសម្ពាធពីអ្នកដ៏ទៃ ឬមជ្ឈដ្នានណាមួយឡើយ។ ជាក់ស្តែងបើយើងក្រឡេកទៅមើលប្រទេសដែលបានអភិវឌ្ឍខ្ពស់មួយចំនួននៅសហគមន៍អឺរ៉ុប យើងឃើញថាការអានជាកាតព្វកិច្ចមួយរបស់ប្រជាជនរបស់គេ ដោយពួកគេអានជាប្រចាំ នៅគ្រប់ពេលវេលា សូម្បីតែពូកគេធ្វើដំណើរតាមឡាន រថភ្លើង យន្តហោះ ។ល។ លើសពីនេះទៅទៀត ការអាន នាំមកនួវ ភាពចងចាំបានយូរ មានភាពវៃឆ្លាត ការគិតរបស់ខួរក្បាល់បានលឿន និងឆ្លើយតបនិងហេតុការណ៍បានទាន់ពេល និងត្រឹមត្រូវ។ ទម្លាប់អាន និងការចែករំលែក គឺជាមាតានៃការអភិវឌ្ឍ និងភាពជោគេជ័យរបស់មនុស្សម្នាក់ៗ នៅក្នុងសង្គមជាតិ។ ជាការពិតច្បាប់ធម្មជាតិ បង្កើតមនុស្សមកជាមួយនូវចំណេះដឹងពីធម្មជាតិ ក៏ប៉ុន្តែចំណេះរបស់បុគ្គលម្នាក់ៗនោះ មិនស្មើគ្នាទេ គឺអាស្រ័យលើ ភាពសកម្មរបស់ពួកគេ ក្នុងអង្គទាំងបូន (សុ ចិ បុ លិ៎ មានន័យថា ស្តាប់ គិត សូរ កត់ត្រា) ជាពិសេសគឺការអានតាមរបៀបផ្សេងៗគ្នា ក្នុងស្រាវជ្រាវជាគន្លឹៈនាំមកនូវ ភាពសុខដមនៃជីវិត៕

No comments:

Post a Comment